Monday, November 13, 2017
ស្លុតចិត្តមិនស្ទើរ បើអ្នកចូលចិត្តចោលសំរាម ដឹងពីផលដ៏អាក្រក់បំផុត ៦យ៉ាងនេះ
ធុងសំរាមតិច ឫធុងសំរាមច្រើន ទម្លាប់ចោលសំរាម គ្មានសណ្ដាប់ធ្នាប់របស់ប្រជាពលរដ្ឋខ្មែរ នៅតែបន្តកើតមានទោះជាមានការផ្សព្វផ្សាយច្រើនយ៉ាងណាក្ដី។ តើអ្នកទាំងអស់គ្នាដឹងទេ ការចោលសំរាមចេញពីដៃរបស់អ្នក ទទួលបានមកវិញនូវគុណវិបត្តិអ្វីខ្លះ? តោះសូមប្រិយមិត្តមកស្វែងយល់ទាំងអស់គ្នា!
១. បាត់បង់សេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន កញ្ញា សេរីរ័ត្ន ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយលើកឡើងថា សេចក្ដីថ្លៃថ្នូររបស់មនុស្ស គឺសំដៅការចេះឲ្យតម្លៃខ្លួនឯង រស់នៅមានរបៀបរៀបរយ ការប្រព្រឹត្តិល្អ កាយវិការសមរម្យ សម្ដីសំដៅសមជាអ្នកចេះដឹង។ល។ ប៉ុន្តែបើគ្រាន់តែសំរាមមួយគ្រប់គ្រងមិនបាន បោះចោលតាមទំនើងចិត្ត នោះហើយបង្ហាញពីសេចក្ដីថ្លៃថ្នូររបស់មនុស្សម្នាក់ត្រូវបាត់បង់ទៅហើយ ព្រោះបង្ហាញពីទម្លាប់រស់នៅគ្មានរបៀបរបបគ្មានសេចក្ដីថ្លៃថ្នូរក្នុងខ្លួន។
២. រងការវាយតម្លៃទាបពីមនុស្សជុំវិញខ្លួន ចោលសំរាមមិនសំចៃដៃនៅទីសាធារណ រមែងមានមនុស្សម្នាទាំងឡាយឃើញពីទង្វើខ្វះការទទួលខុសត្រូវរបស់យើង។ ដូច្នេះហើយទោះចង់ ឫមិនចង់គេនឹងវាយតម្លៃទាប ដល់អ្នកដែលចោលសំរាម ថាជាមនុស្សគ្មានអនាម័យ ខ្វះការយល់ដឹង គ្មានចំណេះដឹង គ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន។ល។ នេះបើតាមការលើកឡើងបន្ថែមទៀតពីកញ្ញា សេរីរ័ត្ន។
៣. បំផ្លាញបរិស្ថានបាត់បង់សម្រស់ទីក្រុង ដោយឡែកមកជួបជាមួយលោក មាន រតនា ជាមន្ត្រីរាជការមួយរូបលើកឡើងថា គុណវិបត្តិដ៏ធំបំផុត នៃអ្នកចូលចិត្តចោលសំរាម គឺការបំផ្លាញបរិស្ថាននេះតែម្ដង ហើយក៏ជាកត្តារួមចំណែក ធ្វើឲ្យបាត់បង់សម្រស់ទីក្រុង។ រតនា បន្តថា ទីក្រុងស្អាត គឺទាល់តែមានបរិស្ថានល្អ ចុះបើទីក្រុងសុទ្ធតែសំរាមសឹងហើរគ្របក្បាលអ្នកដំណើរ នោះហើយជាការបំផ្លាញបរិស្ថានដ៏ធ្ងន់ធ្ងរបំផុត ពីសំណាក់អ្នកចោលសំរាមទាំងឡាយ។
៤. ខូចសុខភាពខ្លួនឯង និងបំផ្លាញទាំងសុខភាពអ្នកដទៃ បើកាលណាសំរាមធ្លាក់ដល់ដីពីដៃមនុស្សម្នាក់ចោល ពីរនាក់ចោល រាប់ពាន់នាក់ចោល រហូតដល់មនុស្សរាប់លាននាក់ចោល នឹងធ្វើឱ្យសំរាមទាំងនោះស្អុយរលួយ សាយភាយក្លិនមិនល្អបង្កើតជាតិពុល ទៅក្នុងបរិយាកាស។ ដូច្នេះជាតិពុលទាំងនោះមិនបានទៅណាឆ្ងាយក្រៅពីខ្លួនយើងឡើយ ហើយនៅពេលយើងដកដង្ហើម នឹងស្រូបយកជាតិពុលទាំងនោះចូលក្នុងខ្លួន បង្កឲ្យមានជំងឺផ្សេងៗ។ ចំណែកអ្នកដទៃក៏ត្រូវរងផលប៉ះពាល់ ពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់នេះដែរ។ ដូច្នេះជម្រើសដ៏ល្អបំផុត គឺការចោលសំរាមទៅក្នុងធុង តាមប្រភេទសំរាមស្ងួត ឫសើម ដើម្បីយកទៅបំផ្លាញចោល ឫកែច្នៃឡើងវិញ។ លោក មាន រតនា បន្ថែម។
៥. ស្ទះលូ និងបង្កឲ្យទឹកលិចនៅទីក្រុង ចំណែក កញ្ញា ធារី ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយក៏បានលើកឡើងដែរថា សំរាមរាប់ម៉ឺនតោន ដែលសល់ពីការចោលក្រៅធុងសំរាម នឹងហើររសាត់អណ្ដែតទៅតាមទីកន្លែងនានានៅក្នុងទីក្រុង។ ដូច្នេះនៅពេលមេឃភ្លៀង កម្លាំងទឹកហូរនឹងនាំយកសំរាមទាំងនោះទៅដល់មាត់លូ ហើយបង្កស្ទះទប់ស្កាត់មិនឲ្យទឹកហូរបាន។ មូលហេតុនេះហើយ ក៏ជាកត្តាដ៏សំខាន់មួយក្នុងចំណោមមូលហេតុចម្បងៗដែលបង្កឲ្យទីក្រុងលិចទឹកពេលភ្លៀងម្ដងៗ។
៦. អាចប៉ះពាល់ដល់វិស័យទេសចរណ៍ ធារីដដែលបន្តទៀតថា រមណីយដ្ឋានស្អាត ទីក្រុងស្អាត លុះត្រាគ្មានសំរាមធ្លាក់ដល់ដី។ ចុះបើនៅតាមតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេសកម្ពុជា សុទ្ធតែសំរាម ភ្ញៀវទេសចរដែលទៅលេងកម្សាន្ត នឹងមានអារម្មណ៍បែបណា? ជាពិសេសទេសចរបរទេស តើគេនឹងគិតយ៉ាងណា ពីទម្លាប់ដ៏អាក្រក់របស់ប្រជាជនខ្មែរ? ដូច្នេះការចោលសំរាមក្នុងធុងពិតជាសំខាន់ណាស់ ក្នុងការលើកស្ទួយបរិស្ថាននៅតាមតំបន់ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តកាន់តែច្រើន។ ចុះបើផលប៉ះពាល់ច្រើនម្ល៉ឹងៗ តើយើងគ្រប់គ្នាចង់ចោលសំរាមពាសវាលពាសកាលទៀតទេ? ទីក្រុងស្អាត រមណីយដ្ឋានស្អាត ផ្ទះស្អាត ក្រុមហ៊ុនស្អាត សាលារៀនស្អាត គឺកើតចេញពីយើងគ្រប់គ្នា មិនមែនជាបន្ទុករបស់នរណាទេ។
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment